ខេត្តកែប, នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ មន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្ត សហការជាមួយ រដ្ឋបាលខេត្ត បានប្រារព្វពិធីអបអរសាទរ ទិវាមច្ឆជាតិ ០១ កក្កដា ២០២២ និងពិធីដុតបំផ្លាញ់ឧបករណ៍នេសាទខុសច្បាប់ ដែលប្រព្រឹត្តិធ្វេីឡេីងនៅទំនប់អាងទឹកចំការបី(ភ្នំវល្លិ) ភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងឯកឧត្ដម អ៊ុក សាខន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និងបានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកំលាំងទាំងបី សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូប។
លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្ត មានរបាយការណ៍បញ្ជាក់ថា៖ ថ្ងៃនេះដោយបានការចង្អុលបង្ហាញពី ឯកឧត្តមបណ្ឌិត អភិបាលខេត្ត មន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្ត បានប្រារព្វពិធីអបអរសាទរ ទិវាមច្ឆជាតិ ០១ កក្កដា ២០២២ នេះឡើងក្នុងគោលបំណងផ្សព្វផ្សាយបំផុសចលនាប្រជាពលរដ្ឋអោយចូលរួមក្នុងការគ្រប់គ្រង ការពារថែរក្សាអភិរក្សពូជត្រីអោយបានស្ថិតស្ថេរគង់វង្ស ពូជត្រីមេ ចំនួន២០គីឡូក្រាម កូនត្រីចម្រុះជាច្រេីនមុឺនកូន ដែលនឹងលែងចូលទៅក្នុង ទំនប់អាងទឹកចំការបី(ភ្នំវល្លិ) ភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ នាថ្ងៃនេះ ដើម្បីអោយត្រីក្នុងទំនប់អាងនេះអាចបង្កបង្កើតពូជកាន់តែច្រើនថែមទៀត សម្រាប់ទុកអោយប្រជាពលរដ្ឋអាចអាស្រ័យផល លើកកម្ពស់ជីវភាពគ្រួសារ និងផ្តល់អាហាររូបត្ថម្ភផងដែរ។
ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប មានប្រសាសន៍ថា ៖ ត្រីគឺជាអាហារប្រចាំថ្ងៃដ៏មានសារៈសំខាន់ក្នុងការផ្គត់ផ្គង់សារធាតុខនិច និងប្រូតេអ៊ីនប្រមាណជា ៨០% នៃប្រូតេអ៊ីនសរុប ដែលប្រជាជនកម្ពុជាមានទន្លាប់បរិភោគត្រីច្រើនដោយក្នុង១ឆ្នាំៗជាមធ្យម ៦៣ គ.ក្រ ក្នុងមួយនាក់ ហើយចំណូលថវិកាទទួលបានពីវិស័យនេះត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនក្នុងរង្វង់ ១,១៣៦ ទៅ ១,៧០៤លានដុល្លា/ឆ្នាំ និងបានរួមចំណែក ៨% ទៅ ១២% នៃផលទុនជាតិសរុប (GDP) បើទោះជាយ៉ាងនេះក្តី ធនធានជលផលត្រូវបានធ្វើអាជីវកម្មកាន់តែធ្ងន់ធ្ងរទៅៗ ពីមួយឆ្នាំទៅមួយឆ្នាំ បង្កជាក្តីកង្វល់អំពីនិរន្តរភាព លើផ្នែកសេដ្ឋកិច្ចសង្គម និងប្រព័ន្ធអេកូឡូស៊ី ដែលយើងមិនអាចមើលរំលងបានឡើយ ។
ជាដំណោះស្រាយ ឯកឧត្តមបណ្ឌិតសំណូមពរ អោយគ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួមថែរក្សា ការពារ នៅធនធានធម្មជាតិប្រកបដោយឆន្ទៈ និងភាពទទួលខុសត្រូវខ្ពស់ ដើម្បីប្រយោជន៍មនុស្សជំនាន់ក្រោយ។
ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត ក៏បានក្រើនរំលឹក និងផ្តល់នូវអនុសាសន៍មួយចំនួនក្នុងន័យស្ថាបនា ដើម្បីអោយមន្ទីរជំនាញបន្តអនុវត្តអោយបានជោគជ័យ និងមានប្រសិទ្ធភាព នៅចំណុចដូចខាងក្រោម៖
១-ត្រូវរួមសហការទប់ស្កាត់អោយបាននូវរាល់សកម្មភាពទន្រ្ទានយកដីព្រៃ ព្រៃកោងកាងដែលជាសម្បត្តិរបស់រដ្ឋ។
២-ត្រូវផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងធនធានដល់គ្រប់សហគមន៍នេសាទ ពង្រឹងសមត្ថភាពសហគមន៍ អោយស្គាល់ពីតួនាទី ភារកិច្ច ក្នុងដំណើរការនៃការធ្វើសេចក្តីសម្រេចចិត្ត ដើម្បីបន្តការគ្រប់គ្រង និងអភិរក្សធនធានជលផលក្នុងដែនសហគមន៍ ដែលរាជរដ្ឋាភិបាលបានចាត់ទុកថាជា មាសបៃតង។
៣-ជំរុញនៅគោលនយោបាយទឹក ដើម្បីពង្រីកលទ្ធភាពស្រោចស្រពផ្ទៃដីបង្កបង្កើនផលអោយបានច្រើន។
៤-មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវជំរុញការអភិវឌ្ឍវារីវប្បកម្មអោយបានខ្លាំងក្លា ទាំងខ្នាតតូច មធ្យម និងខា្នតធំ ។
៥-ត្រូវលុបបំបាត់សកម្មភាពបទល្មើសជលផល តាមគ្រប់រូបភាពដែលបំផ្លិចបំផ្លាញដល់ធនធានធម្មជាតិ និងជីវចម្រុះ។
៦-ត្រូវបន្តគ្រប់គ្រងកន្លែងអភិរក្សធនធានជលផលទាំងនៅក្នុងដែននេសាទសាធារណៈ ទាំងនៅក្នុងតំបន់គ្រប់គ្រងជលផលតាមតំបន់កោះពោធិ៍ និងកោះទន្សាយ។
៧-បន្តចុះក្តាប់បញ្ហា តម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីអន្តរាគមន៍ជួយដោះស្រាយអោយបានទាន់ពេលវេលា។
៨-ត្រូវខិតខំពង្រឹងតួនាទី ភារកិច្ច នៃយន្តការគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ ជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពជាបន្តទៀត ពិសេសលើបញ្ហាសន្តិសុខទូទៅ ល្បែងស៊ីសង និងគ្រឿងញៀន៕













No comments:
Post a Comment