ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៌ តាមរយះលេខ 012 716184-093 716184-060 716184

Saturday, December 10, 2022

ជិតដល់ថ្ងៃចូលរោងការហើយ ប្រទះឃើញសពយុវជនម្នាក់ ដេកស្លាប់នៅកណ្តាលចម្ការ ដោយសល់តែគ្រោងឆ្អឹង មិនទាន់ដឹងអំពីមូលហេតុ

ខេត្តបាត់ដំបង៖ ហេតុការណ៍នេះបានភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ស្ថិតក្នុងចម្ការដំឡូងក្បែរជើងភ្នំវែង ក្នុងភូមិអូរល្ហុង ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយសពដែលគេប្រទះឃើញគឺសល់តែគ្រោងឆ្អឹង និងបាត់ប្រអប់ជើងទាំងសងខាង ហើយដេកស្លាប់ក្បែរនឹងដុំថ្មដ៏ធំមួយ ព្រមទាំងមានបន្សល់ស្រោមដៃពណ៌ខៀវ១គូ នៅលើដុំថ្មនោះផង។

សពយុវជនម្នាក់ ត្រូវបានម្ចាស់ចម្ការដំឡូងប្រទះឃើញ ដេកស្លាប់នៅកណ្តាលចម្ការ ដោយសល់តែគ្រោងឆ្អឹង ក្រោយពីក្រុមគ្រួសារបញ្ជាក់ថា បានបាត់ពីផ្ទះជាង៤០ថ្ងៃ រួចមក។

ឪពុកម្តាយរបស់សពបានបញ្ជាក់ថា កូនប្រុសរបស់គាត់មានឈ្មោះ យន់ រីណា អាយុ២៨ឆ្នាំ រស់នៅភូមិភ្នំតូច ឃុំភ្នំតូច ស្រុកភ្នំព្រឹក មានមុខរបរដឹកត្រីដើរលក់តាមភូមិ និងមានគូដណ្តឹងរួចហើយ ដែលនៅចាំតែថ្ងៃចូលរោងការប៉ុណ្ណោះ។

លោកបានបន្តថា កូនរបស់គាត់បានបាត់ខ្លួនតាំងពីយប់ថ្ងៃទី៣១ ខែតុលា មកម្ល៉េះ ដោយមិនដឹងជាទៅទីណា។ ដោយឡែកម៉ូតូ លុយកាក់ និងគ្រឿងអលង្ការ គឺកូនគាត់ទុកនៅក្នុងបន្ទប់ដេកទាំងអស់ គឺវាយកតែទូរស័ព្ទមួយគ្រឿងតាមខ្លួនប៉ុណ្ណោះ ប៉ុន្តែក្រោយមកក៏ទូរសព្ទលែងចូលរហូត។

ដោយឡែកនារីដែលជាគូដណ្តឹងក៏បាននិយាយថា នៅថ្ងៃទី៣១ តុលា វេលាម៉ោងជិត ១២ យប់ បុរសជាគូរដណ្តឹងទូរសព្ទទៅលេងនាងបានមួយភ្លែតរួចហើយក៏បាត់រហូតតែម្តង។

តាមការរៀបរាប់ពីម្ចាស់ចម្ការបានឲ្យដឹងថា ដោយសារ តែភ្លៀងធ្លាក់ញឹកញាប់ពេក ធ្វើឲ្យគាត់ត្រូវអាក់ខានមិនបានមកបាញ់ថ្នាំស្មៅរាប់ខែ ទើបមិនបានដឹងថាមានមនុស្សស្លាប់នៅក្នុងចម្ការបែបនេះ ហើយម៉្យាងទៀតភូមិសាស្ត្រនេះមិនងាយអ្នកណាចូលមកដល់ទេព្រោះផ្លូវតូចមានសភាពលំបាកក្នុងការធ្វើដំណើរ។

ករណីនេះ គេកំពុងរង់ចាំសមត្ថកិច្ចជំនាញចុះទៅពិនិត្យ ប៉ុន្តែក៏មានមជ្ឈដ្ឋានមួយចំនួនបាននិយាយថា វាក៏អាចពាក់ព័ន្ធនិងអំពើឃាតកម្មដែរ ព្រោះពីទីកន្លែងកើតហេតុ ដល់ផ្ទះជនរងគ្រោះគឺមានចម្ងាយជាង២០គីឡូម៉ែត្រ ដូច្នេះជនរងគ្រោះមិនអាចដើរមកដល់ទីនេះឡើយ គឺវាអាចសម្លាប់ហើយដឹកយកមកប្លុងចោលក៏អាចថាបានដែរ ប៉ុន្តែអ្វីៗត្រូវរង់ចាំការសន្និដ្ឋានរបស់សមត្ថកិច្ច៕



 

No comments:

Post a Comment