ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៌ តាមរយះលេខ 012 716184-093 716184-060 716184

Sunday, October 27, 2024

ក្រុមហ៊ុនហ្រ្គីន ជី អេជ សហការជាមួយក្រសួងបរិស្ថាន បានរៀបចំកម្មវិធី «រត់ប្រណាំងនៅលើភ្នំគូលែនសម្រាប់រដូវកាលទី៣ ឆ្នាំ២០២៤»


សៀមរាប​ ៖​ ក្រុមហ៊ុនហ្រ្គីន ជី អេជ បានរៀបចំកម្មវិធី «រត់ប្រណាំងនៅលើភ្នំគូលែនសម្រាប់រដូវកាលទី៣ ឆ្នាំ២០២៤» ដោយមានការសហការជាមួយ​ ក្រសួងបរិស្ថាន​ នាព្រឹកថ្ងៃអាទិត្យ ១០រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤​ ស្ថិតនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូលសុខអានភ្នំគូលែន ក្នុងតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្ដម “ភ្នំគូលែន” ខេត្តសៀមរាប  ។ 

ក្នុងកម្មវិធីនេះគណៈធិបតីចូលរួមរួមមាន ឯកឧត្តម ព្រាប កុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តម សែម ហាក់ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ភូ សំអាត សមាជិកក្រុមប្រឹក្សាខេត្ត លោក យុន លីណេ អភិបាលរងខេត្តសៀមរាប លោក អៀង ពិសិដ្ឋ អភិបាលស្រុកស្វាយលើ លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប មន្តី្រមន្ទីរបរិស្ថានខេត្តសៀមរាប អជ្ញាធរពាក់ព័ន្ធស្រុកស្វាយលើនិងស្រុកបន្ទាយស្រី ប្រជាពលរដ្ឋ និងក្រុមយុវជន ប្រមាណ ៣៥០នាក់(ស្រ្តី៦០%)។

ជាកិច្ចចាប់ផ្តេីមកម្មវិធី​ ឯកឧត្តម សែម ហាក់ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានមតិស្វាគមន៍បើកកម្មវិធី​ បានលើកឡើងថា ទី១.កីឡាធ្វើឱ្យយើងទាំងអស់គ្នាទទួលបាននូវភាពស្អាតក្នុងខ្លួន(យុវជនយើងមានសុខភាពល្អ មិនប្រើប្រាស់គ្រឿងញៀន) និងជុំវិញខ្លួន(យុវជនបានចូលរួមមិនប្រើប្រាស់ថង់ប្លាស្ទិក រក្សាអនាម័យតាមរយៈចូលរួមដើររើសសំរាម)។ ទី២.សកម្មភាពចូលរួមរបស់យុវជនក្នុងយុទ្ធនាការពន្លកបៃតងតាមរយៈការដាំដើមឈើដើម្បីពង្រីកវិសាលភាពគម្របបៃតងរបស់កម្ពុជា។ 

ផ្សារភ្ជាប់ក្នុងកម្មវិធី ឯកឧត្តម បានបន្ថែមថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានយកចិត្តទុកដាក់ជាចម្បងលើបរិស្ថាននិងសុខភាពដោយបានដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន២០២៣-២០២៨ ដែលមានសរសរស្ភម្តចំនួន៣ គឺភាពស្អាត ភាពបៃតង និងចីរភាព។ ចំពោះភាពស្អាត ឯកឧត្តមរដ្ឋមន្ត្រី បានដឹកនាំយុទ្ធនាការ«ថ្ងៃនេះខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ» មានអ្នកចូលរួមសរុប ៩,៨ លាននាក់ និងយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» មានអ្នកចូលរួមសរុបជាង៣លាននាក់ ហើយនឹងភាពបៃតង គឺក្រសួងបរិស្ថាន តាមរយៈមន្ទីរបរិស្ថានរាជធានី ខេត្ត បានបណ្ដុះកូនឈើចែកជូនប្រជាពលរដ្ឋយកទៅដាំចំនួន១,៣លានដើម ដោយឥតគិតថ្លៃ ហើយផែនការបណ្ដុះកូនឈើឆ្នាំ២០២៥ មានចំនួនចន្លោះ២ទៅ៣លានដើម ដើម្បីត្រៀមចែកជូនប្រជាពលរដ្ឋយកទៅដាំដោយឥតគិតថ្លៃ។

នៅចុងកម្មវិធី ឯកឧត្តម សែម ហាក់ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំអ្នកចូលរួមប្រមាណ៣៥០នាក់ ចូលរួមដាំដើមឈើចំនួន៣៥០ដើម មានទីតាំងនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូលសុខអានភ្នំគូលែន នៃតំបន់ឧទ្យានជាតិ





















ព្រះជ័យវរ្ម័ន-នរោត្ដម “ភ្នំគូលែន” ខេត្តសៀមរាប។

កម្មវិធីនេះប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងមានសោមនស្សរីករាយបំផុត។








No comments:

Post a Comment